ចៅហ្វាយ 18:1-6 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ។ នៅ​គ្រា​ដដែល​នោះ កុល‌សម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី​មួយ​កន្លែង​សម្រាប់​ពួក​គេ ដ្បិត​កុល‌សម្ព័ន្ធ​នេះ​ពុំ​ទាន់​មាន​ទឹក​ដី ដូច​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។

2. ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​ពេល​យប់ ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។

3. នៅ​ទី​នោះ ពួក​គេ​បាន​ឮ​សំនៀង​របស់​យុវ‌បុរស ហើយ​ដឹង​ថា​គាត់​ជា​ពួក​លេវី ក៏​នាំ​គ្នា​ចូល​ទៅ​និយាយ​ជា​មួយ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​លោក​មក​ទី​នេះ? តើ​លោក​មក​ធ្វើ​អ្វី​នៅ​កន្លែង​នេះ? ហេតុ​អ្វី​បាន​ជា​លោក​នៅ​ទី​នេះ?»។

4. គាត់​ឆ្លើយ​ថា៖ «លោក​មីកា​បាន​ជួយ​ឧបត្ថម្ភ​ខ្ញុំ គឺ​គាត់​ឲ្យ​ប្រាក់​ខែ​ខ្ញុំ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​បូជា‌ចារ្យ​របស់​គាត់»។

5. ពួក​គេ​ពោល​ថា៖ «បើ​ដូច្នេះ សូម​ទូល​សួរ​ព្រះ‌ជាម្ចាស់​មើល ដ្បិត​យើង​ចង់​ដឹង​ថា ដំណើរ​ដែល​យើង​បាន​ផ្ដើម​ធ្វើ​នេះ​នឹង​ទទួល​លទ្ធ‌ផល​យ៉ាង​ណា?»។

6. បូជា‌ចារ្យ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «កុំ​ភ័យ​បារម្ភ​អី! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អស់​លោក ក្នុង​ដំណើរ​របស់​អស់​លោក​ហើយ»។

ចៅហ្វាយ 18