1. នៅគ្រានោះ ស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ។ នៅគ្រាដដែលនោះ កុលសម្ព័ន្ធដាន់ស្វែងរកទឹកដីមួយកន្លែងសម្រាប់ពួកគេ ដ្បិតកុលសម្ព័ន្ធនេះពុំទាន់មានទឹកដី ដូចកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗឡើយ។
2. ដូច្នេះ កូនចៅដាន់ជ្រើសរើសមនុស្សក្នុងចំណោមពួកគេប្រាំនាក់ ដែលជាអ្នកចំបាំងដ៏ជំនាញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ឲ្យទៅស៊ើបពិនិត្យមើលទឹកដី។ អ្នកទាំងនោះបានមកដល់តំបន់ភ្នំអេប្រាអ៊ីម ហើយពេលយប់ ពួកគេចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកមីកា។
3. នៅទីនោះ ពួកគេបានឮសំនៀងរបស់យុវបុរស ហើយដឹងថាគាត់ជាពួកលេវី ក៏នាំគ្នាចូលទៅនិយាយជាមួយគាត់ថា៖ «តើអ្នកណានាំលោកមកទីនេះ? តើលោកមកធ្វើអ្វីនៅកន្លែងនេះ? ហេតុអ្វីបានជាលោកនៅទីនេះ?»។
4. គាត់ឆ្លើយថា៖ «លោកមីកាបានជួយឧបត្ថម្ភខ្ញុំ គឺគាត់ឲ្យប្រាក់ខែខ្ញុំ និងឲ្យខ្ញុំធ្វើជាបូជាចារ្យរបស់គាត់»។
5. ពួកគេពោលថា៖ «បើដូច្នេះ សូមទូលសួរព្រះជាម្ចាស់មើល ដ្បិតយើងចង់ដឹងថា ដំណើរដែលយើងបានផ្ដើមធ្វើនេះនឹងទទួលលទ្ធផលយ៉ាងណា?»។
6. បូជាចារ្យឆ្លើយទៅពួកគេថា៖ «កុំភ័យបារម្ភអី! ព្រះអម្ចាស់គង់ជាមួយអស់លោក ក្នុងដំណើររបស់អស់លោកហើយ»។
7. អ្នកទាំងប្រាំក៏បន្តដំណើរទៅមុខទៀត រហូតដល់ក្រុងឡាអ៊ីស។ នៅទីនោះ ពួកគេឃើញប្រជាជនរស់នៅ ដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ដូចអ្នកស្រុកស៊ីដូន។ គ្មាននគរជិតខាងណាមករករឿង ហើយក៏គ្មាននរណាមកជិះជាន់សង្កត់សង្កិនដែរ។ ប៉ុន្តែ ប្រជាជននោះរស់នៅឆ្ងាយពីអ្នកស្រុកស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។
8. អ្នកទាំងប្រាំត្រឡប់ទៅសូរ៉ាស់ និងអែសថោលវិញ ហើយបងប្អូនរបស់គេសាកសួរថា ដំណើររបស់គេបានផលអ្វីខ្លះ។
9. ពួកគេតបវិញថា៖ «មក! ចូរយើងលើកទ័ពទៅវាយយកស្រុកឡាអ៊ីស ព្រោះយើងបានពិនិត្យឃើញថាជាទឹកដីល្អបំផុត។ ដូច្នេះ មិនត្រូវបង្អែបង្អង់ឡើយ ចូរប្រញាប់ចេញទៅវាយដណ្ដើមយកទឹកដីនោះ។
10. ពេលណាអ្នករាល់គ្នាទៅដល់ អ្នករាល់គ្នានឹងឃើញប្រជាជនមួយក្រុមរស់នៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយណាស់ ជាទឹកដីដ៏សម្បូណ៌សប្បាយ ឥតខ្វះអ្វីឡើយ ព្រះជាម្ចាស់បានប្រគល់មកអ្នករាល់គ្នាហើយ»។