24. ពេលឃើញរូបព្រះរបស់គេ ប្រជាជនក៏នាំគ្នាសរសើរតម្កើង ដោយពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបំផ្លាញស្រុកយើង ហើយសម្លាប់ប្រជាជនយើងអស់ជាច្រើនផង»។
25. ក្នុងពេលពួកគេកំពុងតែសប្បាយយ៉ាងខ្លាំងនោះ គេក៏និយាយថា៖ «ចូរហៅសាំសុនមកឲ្យវាឡកកំប្លែងឲ្យយើងមើល»។ ពួកគេអូសលោកសាំសុនចេញពីគុក ដើម្បីឡកឲ្យពួកគេមើល។ ពួកគេដាក់លោកនៅចន្លោះសសរវិហារ។
26. លោកសាំសុនពោលទៅក្មេងដែលដឹកដៃលោកថា៖ «សូមនាំខ្ញុំទៅជិតសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួននៅលើសសរនោះផង»។
27. ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញវិហារ។ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។
28. លោកសាំសុនអង្វររកព្រះអម្ចាស់ថា៖ «ឱព្រះជាអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំឡើយ! ព្រះជាម្ចាស់អើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ទូលបង្គំម្ដងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យទូលបង្គំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។
29. បន្ទាប់មក លោកសាំសុនស្ទាបសសរកន្លោងទាំងពីរដែលទ្រវិហារ លោកសង្កត់ដៃស្ដាំរបស់លោកទៅលើសសរមួយ ហើយដៃឆ្វេងទៅលើសសរមួយទៀត
30. រួចលោកស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ លោកបញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្ដេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយលោកមានចំនួនច្រើនជាងអ្នក ដែលលោកបានសម្លាប់កាលពីនៅមានជីវិតទៅទៀត។
31. បងប្អូន និងគ្រួសារលោកទាំងអស់ក៏នាំគ្នាទៅយកសាកសពលោក មកបញ្ចុះក្នុងផ្នូររបស់លោកម៉ាណូអា ជាឪពុក ដែលស្ថិតនៅត្រង់ចន្លោះសូហារ និងអេសថោល។ លោកសាំសុនបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។