19. នាងដេលីឡាបានឲ្យលោកសាំសុនកើយភ្លៅនាង រហូតដល់លក់ រួចហៅមនុស្សម្នាក់មកកោរកំរងសក់ទាំងប្រាំពីររបស់លោក លោកចាប់ផ្ដើមខ្សោយ។ កម្លាំងក៏ថយចេញពីខ្លួនលោកទៅ។
20. នាងដេលីឡាពោលទៅលោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា លោកនឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះលោកពុំបានដឹងថាព្រះអម្ចាស់ថយចេញពីលោកនោះទេ។
21. ពួកភីលីស្ទីនចូលទៅចាប់លោក ហើយខ្វេះភ្នែកលោកទាំងពីរទៀតផង។ ពួកគេនាំលោកទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់លោក និងបង្ខំលោកឲ្យបង្វិលត្បាល់កិននៅក្នុងគុក។
22. ប៉ុន្តែក្រោយមក សក់របស់លោកដែលគេបានកោរ ក៏ចាប់ផ្ដើមដុះឡើងវិញ។
23. ថ្ងៃមួយ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានប្រមូលគ្នា ដើម្បីធ្វើបុណ្យអបអរសាទរចំពោះជ័យជំនះរបស់គេ ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះដាកុនរបស់គេថែមទៀតផង។ គេនាំគ្នាច្រៀងថា៖ «ព្រះរបស់យើងបានប្រគល់សាំសុន ជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!»។
24. ពេលឃើញរូបព្រះរបស់គេ ប្រជាជនក៏នាំគ្នាសរសើរតម្កើង ដោយពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបំផ្លាញស្រុកយើង ហើយសម្លាប់ប្រជាជនយើងអស់ជាច្រើនផង»។
25. ក្នុងពេលពួកគេកំពុងតែសប្បាយយ៉ាងខ្លាំងនោះ គេក៏និយាយថា៖ «ចូរហៅសាំសុនមកឲ្យវាឡកកំប្លែងឲ្យយើងមើល»។ ពួកគេអូសលោកសាំសុនចេញពីគុក ដើម្បីឡកឲ្យពួកគេមើល។ ពួកគេដាក់លោកនៅចន្លោះសសរវិហារ។
26. លោកសាំសុនពោលទៅក្មេងដែលដឹកដៃលោកថា៖ «សូមនាំខ្ញុំទៅជិតសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួននៅលើសសរនោះផង»។
27. ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញវិហារ។ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។
28. លោកសាំសុនអង្វររកព្រះអម្ចាស់ថា៖ «ឱព្រះជាអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំឡើយ! ព្រះជាម្ចាស់អើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ទូលបង្គំម្ដងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យទូលបង្គំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។
29. បន្ទាប់មក លោកសាំសុនស្ទាបសសរកន្លោងទាំងពីរដែលទ្រវិហារ លោកសង្កត់ដៃស្ដាំរបស់លោកទៅលើសសរមួយ ហើយដៃឆ្វេងទៅលើសសរមួយទៀត
30. រួចលោកស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ លោកបញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្ដេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយលោកមានចំនួនច្រើនជាងអ្នក ដែលលោកបានសម្លាប់កាលពីនៅមានជីវិតទៅទៀត។
31. បងប្អូន និងគ្រួសារលោកទាំងអស់ក៏នាំគ្នាទៅយកសាកសពលោក មកបញ្ចុះក្នុងផ្នូររបស់លោកម៉ាណូអា ជាឪពុក ដែលស្ថិតនៅត្រង់ចន្លោះសូហារ និងអេសថោល។ លោកសាំសុនបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។