17. ហើយរៀបរាប់អាថ៌កំបាំងរបស់លោកប្រាប់នាងថា៖ «សក់បងមិនត្រូវកាត់ ឬកោរឡើយ ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបង ទុកជាពួកណាសារីត* តាំងពីនៅក្នុងផ្ទៃម្ដាយម៉្លេះ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងបាត់បង់ ហើយខ្លួនបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតៗដែរ»។
18. នាងដេលីឡាដឹងថា លោកបានប្រាប់អាថ៌កំបាំងដល់នាងហើយ នាងឲ្យគេនាំពាក្យទៅប្រាប់ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនថា៖ «សូមអស់លោកអញ្ជើញមកចុះ ព្រោះលើកនេះ សាំសុនទម្លាយអាថ៌កំបាំងឲ្យខ្ញុំដឹងហើយ»។ ពួកស្ដេចត្រាញ់ក៏នាំគ្នាទៅផ្ទះនាង ដោយនាំយកប្រាក់ទៅជាមួយផង។
19. នាងដេលីឡាបានឲ្យលោកសាំសុនកើយភ្លៅនាង រហូតដល់លក់ រួចហៅមនុស្សម្នាក់មកកោរកំរងសក់ទាំងប្រាំពីររបស់លោក លោកចាប់ផ្ដើមខ្សោយ។ កម្លាំងក៏ថយចេញពីខ្លួនលោកទៅ។
20. នាងដេលីឡាពោលទៅលោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា លោកនឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះលោកពុំបានដឹងថាព្រះអម្ចាស់ថយចេញពីលោកនោះទេ។
21. ពួកភីលីស្ទីនចូលទៅចាប់លោក ហើយខ្វេះភ្នែកលោកទាំងពីរទៀតផង។ ពួកគេនាំលោកទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់លោក និងបង្ខំលោកឲ្យបង្វិលត្បាល់កិននៅក្នុងគុក។