13. នាងដេលីឡាពោលទៅកាន់លោកសាំសុនថា៖ «រហូតមកទល់ពេលនេះ បងចេះតែបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមក តើត្រូវធ្វើដូចម្ដេចដើម្បីចងបងបាន?»។ លោកសាំសុនឆ្លើយថា៖ «បើអូនក្រងសក់បងប្រាំពីរកំរងភ្ជាប់នឹងកីតម្បាញ បងនឹងទៅជាខ្សោយដូចជាមនុស្សឯទៀតៗដែរ»។
14. នាងដេលីឡាក៏ធ្វើឲ្យលោកសាំសុនសម្រាន្ដលក់ រួចនាងក្រងសក់លោកជាប្រាំពីរកំរងភ្ជាប់នឹងកីតម្បាញ ហើយបោះស្នឹងពីលើផង។ បន្ទាប់មក នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ឡើង ហើយកន្ត្រាក់របើកទាំងស្នឹង ទាំងកីតម្បាញទៀតផង។
15. នាងដេលីឡាពោលទៅកាន់លោកថា៖ «តើបងអាចអះអាងថា បងស្រឡាញ់ខ្ញុំដូចម្ដេចកើត បើបងមិនទុកចិត្តខ្ញុំសោះនោះ? មើល៍ បងបានបញ្ឆោតខ្ញុំបីដងហើយ គឺបងមិនព្រមប្រាប់ឲ្យខ្ញុំដឹងថា តើបងបានកម្លាំងដ៏ខ្លាំងនោះមកពីណាឡើយ»។