10. នាងដេលីឡាក៏ពោលទៅកាន់លោកសាំសុនថា៖ «បងបានបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមកមើល៍ តើត្រូវធ្វើដូចម្ដេច ដើម្បីចងបងបាន?»។
11. លោកសាំសុនតបទៅនាងថា៖ «ប្រសិនបើគេយកពួរថ្មី ដែលមិនទាន់ប្រើមកចងបងនោះ បងនឹងទៅជាមនុស្សខ្សោយដូចមនុស្សឯទៀតៗដែរ»។
12. នាងដេលីឡាក៏ប្រើពួរថ្មី ដើម្បីចងលោកសាំសុន រួចនាងស្រែកថា៖ «បងសាំសុនអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលនោះ ក៏មានមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះដែរ ប៉ុន្តែ លោកសាំសុនផ្ដាច់ពួរដែលចងដៃលោក ដូចគេផ្ដាច់ខ្សែអំបោះ។
13. នាងដេលីឡាពោលទៅកាន់លោកសាំសុនថា៖ «រហូតមកទល់ពេលនេះ បងចេះតែបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមក តើត្រូវធ្វើដូចម្ដេចដើម្បីចងបងបាន?»។ លោកសាំសុនឆ្លើយថា៖ «បើអូនក្រងសក់បងប្រាំពីរកំរងភ្ជាប់នឹងកីតម្បាញ បងនឹងទៅជាខ្សោយដូចជាមនុស្សឯទៀតៗដែរ»។