1. ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ លោកជួបនឹងស្រីពេស្យាម្នាក់ ក៏ចូលទៅជាមួយនាង។
2. មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសំងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។
3. ប៉ុន្តែ លោកសាំសុនសម្រាន្ដនៅទីនោះត្រឹមតែពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្ដាលអធ្រាត្រលោកក្រោកឡើង ទៅចាប់ទាញទ្វារក្រុងទាំងមួលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។
4. បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ ដេលីឡា ដែលរស់នៅត្រង់ច្រកភ្នំសូរេក។
5. ស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបាននាំគ្នាទៅនិយាយនឹងនាងដេលីឡាថា៖ «ចូរនាងលួងលោមសាំសុន ដើម្បីឲ្យដឹងថា គាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ធ្វើដូចម្ដេចឲ្យយើងអាចឈ្នះគាត់បាន? យើងនឹងចាប់ចង បង្ក្រាបគាត់ រួចហើយយើងនឹងឲ្យប្រាក់នាងចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។
6. ពេលនោះ នាងដេលីឡាសួរលោកសាំសុនថា៖ «បងអើយ សូមប្រាប់ខ្ញុំឲ្យដឹងផង តើបងបានកម្លាំងដ៏ខ្លាំងនេះមកពីណា? តើធ្វើដូចម្ដេចឲ្យគេអាចចាប់ចងបង្ក្រាបបងបាន?»។
7. លោកសាំសុនក៏ឆ្លើយទៅនាងថា៖ «ប្រសិនបើគេយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួតនៅឡើយ ចំនួនប្រាំពីរចង្វាយមកចងបង នោះបងនឹងទៅជាខ្សោយដូចមនុស្សឯទៀតៗដែរ»។