1. ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ លោកជួបនឹងស្រីពេស្យាម្នាក់ ក៏ចូលទៅជាមួយនាង។
2. មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសំងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។
3. ប៉ុន្តែ លោកសាំសុនសម្រាន្ដនៅទីនោះត្រឹមតែពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្ដាលអធ្រាត្រលោកក្រោកឡើង ទៅចាប់ទាញទ្វារក្រុងទាំងមួលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។
4. បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ ដេលីឡា ដែលរស់នៅត្រង់ច្រកភ្នំសូរេក។
5. ស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបាននាំគ្នាទៅនិយាយនឹងនាងដេលីឡាថា៖ «ចូរនាងលួងលោមសាំសុន ដើម្បីឲ្យដឹងថា គាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ធ្វើដូចម្ដេចឲ្យយើងអាចឈ្នះគាត់បាន? យើងនឹងចាប់ចង បង្ក្រាបគាត់ រួចហើយយើងនឹងឲ្យប្រាក់នាងចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។
6. ពេលនោះ នាងដេលីឡាសួរលោកសាំសុនថា៖ «បងអើយ សូមប្រាប់ខ្ញុំឲ្យដឹងផង តើបងបានកម្លាំងដ៏ខ្លាំងនេះមកពីណា? តើធ្វើដូចម្ដេចឲ្យគេអាចចាប់ចងបង្ក្រាបបងបាន?»។
7. លោកសាំសុនក៏ឆ្លើយទៅនាងថា៖ «ប្រសិនបើគេយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួតនៅឡើយ ចំនួនប្រាំពីរចង្វាយមកចងបង នោះបងនឹងទៅជាខ្សោយដូចមនុស្សឯទៀតៗដែរ»។
8. ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួត ចំនួនប្រាំពីរចង្វាយមកឲ្យនាងដេលីឡា ហើយនាងក៏យកទៅចងលោកសាំសុន។
9. នាងបានឲ្យមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះ។ ខណៈនោះ នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនក៏បណ្ដាច់ពួរនោះចេញអស់ ដូចខ្សែអំបោះដែលត្រូវភ្លើងឆេះ។ ដូច្នេះ គេនៅតែពុំដឹងអាថ៌កំបាំងនៃកម្លាំងរបស់លោកដដែល។
10. នាងដេលីឡាក៏ពោលទៅកាន់លោកសាំសុនថា៖ «បងបានបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមកមើល៍ តើត្រូវធ្វើដូចម្ដេច ដើម្បីចងបងបាន?»។
11. លោកសាំសុនតបទៅនាងថា៖ «ប្រសិនបើគេយកពួរថ្មី ដែលមិនទាន់ប្រើមកចងបងនោះ បងនឹងទៅជាមនុស្សខ្សោយដូចមនុស្សឯទៀតៗដែរ»។
12. នាងដេលីឡាក៏ប្រើពួរថ្មី ដើម្បីចងលោកសាំសុន រួចនាងស្រែកថា៖ «បងសាំសុនអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលនោះ ក៏មានមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះដែរ ប៉ុន្តែ លោកសាំសុនផ្ដាច់ពួរដែលចងដៃលោក ដូចគេផ្ដាច់ខ្សែអំបោះ។