10. អ្នកស្រុកយូដាសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមកប្រយុទ្ធនឹងយើងដូច្នេះ?»។ ពួកគេឆ្លើយថា៖ «យើងមកនេះ ដើម្បីចាប់សាំសុន ហើយប្រព្រឹត្តចំពោះវា ដូចវាបានប្រព្រឹត្តចំពោះយើងដែរ»។
11. ដូច្នេះ ជនជាតិយូដាបីពាន់នាក់ក៏នាំគ្នាចូលទៅក្នុងរូងភ្នំអេតាំ ហើយនិយាយនឹងលោកសាំសុនថា៖ «អ្នកមិនដឹងទេឬថា ជនជាតិភីលីស្ទី នត្រួតត្រាលើយើង? ហេតុអ្វីបានជាអ្នកធ្វើបាបយើងដូច្នេះ?»។ លោកសាំសុនឆ្លើយថា៖ «ខ្ញុំប្រព្រឹត្តចំពោះពួកគេដូចគេបានប្រព្រឹត្តចំពោះខ្ញុំតែប៉ុណ្ណោះ»។
12. ជនជាតិយូដាពោលទៀតថា៖ «យើងមកនេះ ដើម្បីចងអ្នកយកទៅប្រគល់ឲ្យជនជាតិភីលីស្ទីន»។ លោកសាំសុនស្នើទៅពួកគេថា៖ «ចូរអ្នករាល់គ្នាស្បថជាមួយខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ»។
13. គេឆ្លើយទៅលោកវិញថា៖ «ទេ! យើងគ្មានបំណងនឹងសម្លាប់អ្នកទេ យើងគ្រាន់តែសុំចងអ្នក យកទៅប្រគល់ឲ្យជនជាតិភីលីស្ទីនប៉ុណ្ណោះ»។ ពួកគេក៏យកខ្សែពួរថ្មីពីរ មកចងលោក ហើយនាំចេញពីរូងភ្នំទៅ។
14. ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។
15. លោកសាំសុនបានឃើញឆ្អឹងថ្គាមមួយរបស់លាដែលគេទើបសម្លាប់ថ្មីៗ ក៏រើសវាមកប្រើជាអាវុធ សម្លាប់មនុស្សអស់មួយពាន់នាក់
16. រួចលោកស្រែកថា៖«ដោយសារឆ្អឹងថ្គាមរបស់សត្វលាខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នាដោយសារឆ្អឹងថ្គាមរបស់សត្វលាខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់»។
17. ពេលមានប្រសាសន៍ចប់ លោកក៏គ្រវែងឆ្អឹងនោះចោលទៅ ហេតុដូច្នេះហើយបានជាគេហៅកន្លែងនោះថា «រ៉ាម៉ាត់-លេហ៊ី»។
18. រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកព្រះអម្ចាស់ ដោយទូលថា៖ «ឱព្រះអម្ចាស់អើយ គឺព្រះអង្គហើយដែលប្រទានឲ្យទូលបង្គំមានជ័យជំនះដ៏ធំនេះ។ តើពេលនេះ ព្រះអង្គបណ្តោយឲ្យទូលបង្គំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។