1. បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធលោក ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ លោកសុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធលោក ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។
2. គាត់និយាយមកកាន់លោកថា៖ «ពុកគិតថាកូនឈប់ស្រឡាញ់នាងហើយ បានជាពុកលើកនាងទៅឲ្យបុរសដែលកំដរកូននោះវិញ ប៉ុន្តែ ប្អូនស្រីរបស់នាងស្រស់ស្អាតជាងនាងទៅទៀត តើកូនពេញចិត្តដែរឬទេ? កូនអាចយកនាងជំនួសក៏បាន»។
3. លោកសាំសុនពោលឡើងថា៖ «ម្ដងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំឡើយ»។
4. លោកក៏ចេញទៅចាប់បានកញ្ជ្រោងបីរយក្បាល។ លោកចងកន្ទុយកញ្ជ្រោងភ្ជាប់គ្នាមួយគូៗ រួចយកចន្លុះមកដោតនៅត្រង់ចំណងកន្ទុយកញ្ជ្រោងទាំងគូៗនោះ។
5. លោកក៏អុជចន្លុះ ហើយលែងកញ្ជ្រោងឲ្យរត់ទៅក្នុងស្រែរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យឆេះកណ្ដាប់ស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូត ព្រមទាំងឆេះចម្ការអូលីវទៀតផង។
6. ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះ មកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅឲ្យបុរស ជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាង ដោយដុតទាំងរស់។
7. ពេលនោះ លោកសាំសុនពោលទៅពួកគេថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមទេ គឺខ្ញុំនឹងសងសឹកអ្នករាល់គ្នាជានិច្ច»។
8. លោកវាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ បន្ទាប់មក លោកក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។
9. ជនជាតិភីលីស្ទីននាំគ្នាឡើងទៅបោះទ័ពក្នុងដែនដីយូដា ហើយឡោមព័ទ្ធក្រុងលេហ៊ី។
10. អ្នកស្រុកយូដាសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមកប្រយុទ្ធនឹងយើងដូច្នេះ?»។ ពួកគេឆ្លើយថា៖ «យើងមកនេះ ដើម្បីចាប់សាំសុន ហើយប្រព្រឹត្តចំពោះវា ដូចវាបានប្រព្រឹត្តចំពោះយើងដែរ»។