ចៅហ្វាយ 14:6-14 Khmer Standard Version (KHSV)

6. រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​មក​សណ្ឋិត​លើ​លោក លោក​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ប្រាប់​ឪពុក‌ម្ដាយ​ទេ។

7. លោក​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ធីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលីស្ទីន​នោះ លោក​ពេញ​ចិត្ត​នឹង​នាង​ណាស់។

8. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀប‌ការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។

9. លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ហើយ​ពេល​ជួប​ឪពុក‌ម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជម្រាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។

10. ឪពុក​របស់​លោក​សាំសុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ តាម​ទំនៀម‌ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។

11. ពេល​ជន‌ជាតិ​ភីលីស្ទីន​ឃើញ​លោក គេ​ក៏​ជ្រើស​រើស​យុវជន​សាម‌សិប​នាក់ ឲ្យ​មក​កំដរ​លោក។

12. លោក​សាំសុន​ពោល​ទៅ​កាន់​ពួក​អ្នក​កំដរ​ថា៖ «ខ្ញុំ​មាន​ប្រស្នា​មួយ​សម្រាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​ណា​ដោះ​ស្រាយ​រួច ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នៃ​ពិធី​អាពាហ៍‌ពិពាហ៍​នេះ ខ្ញុំ​នឹង​ជូន​អាវ​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​សាម‌សិប​បន្លាស់​ថែម​ទៀត។

13. ប្រសិន​បើ​ដោះ​ស្រាយ​មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​ចំនួន​សាម‌សិប​បន្លាស់​មក​ឲ្យ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្ដាប់»។

14. លោក​សាំសុន​ក៏​ឆ្លើយ​ថា៖ «មាន​ចំណី​ចេញ​ពី​អ្នក​ឆី ហើយ​មាន​អា​ផ្អែម​ចេញ​ពី​អា​ខ្លាំង​តើ​ជា​អ្វី?»។ បី​ថ្ងៃ​ក្រោយ​មក យុវជន​ទាំង​នោះ​នៅ​តែ​ដោះ​ប្រស្នា​ពុំ​រួច​ដដែល។

ចៅហ្វាយ 14