5. លោកសាំសុនក៏ធ្វើដំណើរទៅធីមណាជាមួយឪពុកម្ដាយលោក។ លុះទៅដល់ត្រង់ចម្ការទំពាំងបាយជូរក្បែរធីមណា ស្រាប់តែមានសត្វសិង្ហស្ទាវមួយហក់មកលើលោកសាំសុន ទាំងគ្រហឹម។
6. រំពេចនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់មកសណ្ឋិតលើលោក លោកក៏ចាប់ហែកសិង្ហនោះដោយដៃ ដូចគេហែកកូនពពែ។ លោកមិនបានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្ដាយទេ។
7. លោកក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ លោកពេញចិត្តនឹងនាងណាស់។
8. ប៉ុន្មានថ្ងៃក្រោយមក លោកក៏ត្រឡប់មកធីមណាវិញ ដើម្បីរៀបការជាមួយនាង។ តាមផ្លូវលោកឆៀងចូលទៅមើលខ្មោចសិង្ហ ហើយឃើញសំបុកឃ្មុំនៅក្នុងខ្មោចសត្វនោះ ដែលមានទឹកឃ្មុំពេញ។
9. លោកបេះឃ្មុំកាន់នៅដៃ ដើរបណ្ដើរបរិភោគបណ្ដើរ ហើយពេលជួបឪពុកម្ដាយ លោកក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា លោកយកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។
10. ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។
11. ពេលជនជាតិភីលីស្ទីនឃើញលោក គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរលោក។
12. លោកសាំសុនពោលទៅកាន់ពួកអ្នកកំដរថា៖ «ខ្ញុំមានប្រស្នាមួយសម្រាប់អ្នករាល់គ្នា ប្រសិនបើអ្នកណាដោះស្រាយរួច ក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធីអាពាហ៍ពិពាហ៍នេះ ខ្ញុំនឹងជូនអាវសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យសាមសិបបន្លាស់ថែមទៀត។
13. ប្រសិនបើដោះស្រាយមិនរួចទេ នោះអ្នករាល់គ្នាត្រូវប្រគល់អាវចំនួនសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យចំនួនសាមសិបបន្លាស់មកឲ្យខ្ញុំ»។ ពួកគេពោលថា៖ «ចូរចោទប្រស្នារបស់អ្នកមក ពួកយើងចាំស្ដាប់»។
14. លោកសាំសុនក៏ឆ្លើយថា៖ «មានចំណីចេញពីអ្នកឆី ហើយមានអាផ្អែមចេញពីអាខ្លាំងតើជាអ្វី?»។ បីថ្ងៃក្រោយមក យុវជនទាំងនោះនៅតែដោះប្រស្នាពុំរួចដដែល។
15. លុះដល់ថ្ងៃទីប្រាំពីរ ពួកគេនាំគ្នាទៅគំរាមប្រពន្ធលោកសាំសុនថា៖ «ចូរទៅលួងលោមប្ដីរបស់នាងឲ្យបកស្រាយប្រស្នា រួចមកប្រាប់យើងឲ្យដឹងផង បើមិនដូច្នោះទេ យើងនឹងដុតនាង ព្រមទាំងក្រុមគ្រួសារនាងឲ្យស្លាប់ទាំងអស់គ្នា។ ពួកនាងអញ្ជើញយើងមក ដើម្បីប្លន់យើងឬ?»។
16. ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដី ទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។
17. ប្រពន្ធលោកយំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។