ចៅហ្វាយ 14:17-20 Khmer Standard Version (KHSV)

17. ប្រពន្ធ​លោក​យំ​រំអុក​លោក ក្នុង​រវាង​ប្រាំ‌ពីរ​ថ្ងៃ​នៃ​ពិធី​ជប់‌លៀង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ដោយ​នាង​ចេះ​តែ​រំអុក​ខ្លាំង​ពេក លោក​សាំសុន​ក៏​បក​ស្រាយ​ប្រស្នា​ប្រាប់​ប្រពន្ធ។ នាង​ប្រញាប់‌ប្រញាល់​នាំ​ចម្លើយ​ទៅ​ប្រាប់​ជន‌ជាតិ​របស់​នាង។

18. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំសុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ លោក​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។

19. ដូច្នេះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ខ្លាំង‌ក្លា។ លោក​ចុះ​ទៅ​ក្រុង​អាស‌កា‌ឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម‌សិប​នាក់ ហើយ​យក​សម្លៀក‌បំពាក់​របស់​គេ​មក​ប្រគល់​ឲ្យ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។

20. គេ​ក៏​លើក​ប្រពន្ធ​របស់​លោក​ទៅ​ឲ្យ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​លោក។

ចៅហ្វាយ 14