1. ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងធីមណា នៅទីនោះ លោកបានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។
2. ពេលត្រឡប់មកដល់ផ្ទះវិញ លោកជម្រាបឪពុកម្ដាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្ដីដណ្ដឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀបការជាមួយនាង»។
3. ឪពុកម្ដាយតបទៅលោកវិញថា៖ «ក្នុងក្រុមញាតិរបស់យើង ឬជនជាតិយើង តើគ្មានស្ត្រីក្រមុំទេឬ បានជាកូនចង់រៀបការជាមួយស្ត្រីជាតិភីលីស្ទីន ជាសាសន៍ដទៃទៅវិញដូច្នេះ?»។ ប៉ុន្តែ លោកសាំសុនពោលទៅកាន់ឪពុកថា៖ «សូមពុកទៅស្ដីដណ្ដឹងនាងឲ្យខ្ញុំមក ដ្បិតខ្ញុំពេញចិត្តតែនាងនេះម្នាក់ប៉ុណ្ណោះ»។
4. ឪពុកម្ដាយរបស់លោកសាំសុនមិនបានដឹងថា ព្រះអម្ចាស់បណ្ដាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជនជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះ ជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល។
5. លោកសាំសុនក៏ធ្វើដំណើរទៅធីមណាជាមួយឪពុកម្ដាយលោក។ លុះទៅដល់ត្រង់ចម្ការទំពាំងបាយជូរក្បែរធីមណា ស្រាប់តែមានសត្វសិង្ហស្ទាវមួយហក់មកលើលោកសាំសុន ទាំងគ្រហឹម។
6. រំពេចនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់មកសណ្ឋិតលើលោក លោកក៏ចាប់ហែកសិង្ហនោះដោយដៃ ដូចគេហែកកូនពពែ។ លោកមិនបានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្ដាយទេ។
7. លោកក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ លោកពេញចិត្តនឹងនាងណាស់។
8. ប៉ុន្មានថ្ងៃក្រោយមក លោកក៏ត្រឡប់មកធីមណាវិញ ដើម្បីរៀបការជាមួយនាង។ តាមផ្លូវលោកឆៀងចូលទៅមើលខ្មោចសិង្ហ ហើយឃើញសំបុកឃ្មុំនៅក្នុងខ្មោចសត្វនោះ ដែលមានទឹកឃ្មុំពេញ។
9. លោកបេះឃ្មុំកាន់នៅដៃ ដើរបណ្ដើរបរិភោគបណ្ដើរ ហើយពេលជួបឪពុកម្ដាយ លោកក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា លោកយកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។
10. ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។