5. ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយមក ទុកជាអ្នកណាសារីត*មួយរូប។ កូននោះនឹងចាប់ផ្ដើមរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។
6. ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។
7. លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសារីត*មួយរូប រហូតអស់មួយជីវិត»។
8. លោកម៉ាណូអាក៏ទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! សូមទ្រង់មេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីឲ្យលោកបង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។
9. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកម៉ាណូអា ហើយទេវតារបស់ព្រះជាម្ចាស់ក៏មកជួបនឹងស្ត្រីនោះម្ដងទៀត ក្នុងពេលដែលគាត់កំពុងតែអង្គុយនៅក្នុងចម្ការ។ ពេលនោះ លោកម៉ាណូអា ប្ដីរបស់គាត់ មិនបាននៅជាមួយទេ។
10. គាត់ក៏ប្រញាប់ប្រញាល់រត់ទៅជម្រាបប្ដីថា៖ «នុ៎ះហ្ន៎! បុរសដែលបានមកជួបខ្ញុំ ពីថ្ងៃមុនអញ្ជើញមកទៀតហើយ!»។
11. លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរស ហើយពោលថា៖ «តើលោកឬ ដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
12. លោកម៉ាណូអាក៏បន្តទៀតថា៖ «បើសិនជាបានសម្រេចតាមពាក្យលោកមែន តើកូននោះត្រូវកាន់ច្បាប់ទម្លាប់អ្វីខ្លះ តើវាត្រូវរស់នៅរបៀបណា?»។
13. ទេវតារបស់ព្រះអម្ចាស់តបមកលោកម៉ាណូអាវិញថា៖ «ប្រពន្ធរបស់អ្នកត្រូវតមអ្វីៗទាំងប៉ុន្មានដែលយើងបានប្រាប់
14. នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ មិនត្រូវផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីៗដែលមិនបរិសុទ្ធដែរ។ នាងត្រូវតែប្រព្រឹត្តតាមពាក្យទាំងប៉ុន្មាន ដែលយើងបានប្រាប់»។
15. លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។