1. ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។ ហេតុនេះ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។
2. គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។
3. ថ្ងៃមួយ ទេវតា*របស់ព្រះអម្ចាស់បានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារមិនអាចមានកូនទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។
4. ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្ន កុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធ*ដែរ
5. ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយមក ទុកជាអ្នកណាសារីត*មួយរូប។ កូននោះនឹងចាប់ផ្ដើមរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។
6. ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។
7. លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសារីត*មួយរូប រហូតអស់មួយជីវិត»។
8. លោកម៉ាណូអាក៏ទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! សូមទ្រង់មេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីឲ្យលោកបង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។