9. លោកយែបថាឆ្លើយទៅចាស់ទុំទាំងនោះថា៖ «ប្រសិនបើអស់លោកហៅខ្ញុំទៅវិញ ដើម្បីប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។
10. ពេលនោះ ពួកចាស់ទុំនៃស្រុកកាឡាដក៏ប្រកាសចំពោះលោកយែបថា ថា៖ «ព្រះអម្ចាស់ជាសាក្សីស្រាប់ហើយថា យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!»។
11. លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំឭកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។
12. លោកយែបថាបានចាត់គេឲ្យនាំពាក្យទៅទូលស្ដេចនៃជនជាតិអាំម៉ូនថា៖ «តើយើងមានរឿងអ្វីជាមួយគ្នា បានជាព្រះករុណាលើកទ័ពមកវាយស្រុកទូលបង្គំដូច្នេះ?»។
13. ស្ដេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្ដើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញ តាមសម្រួលទៅ»។
14. លោកយែបថាក៏ចាត់គេឲ្យនាំពាក្យរបស់លោក ទៅទូលស្ដេចជនជាតិអាំម៉ូនសាជាថ្មីថា៖
15. «ជនជាតិអ៊ីស្រាអែលពុំបានដណ្ដើមយកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។
16. នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រកក់ ហើយក៏មកដល់កាដេស។
17. ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ស្ដេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្ដេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្ដេចស្រុកម៉ូអាប់ តែស្ដេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដេសនោះទៅ។