26. ជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាព្រះរាជាមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ?
27. ទូលបង្គំមិនបានធ្វើអ្វីខុសចំពោះព្រះរាជាឡើយ គឺព្រះរាជាទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះអម្ចាស់ដែលជាចៅក្រម មេត្តាកាត់ក្ដីរវាងជនជាតិអ៊ីស្រាអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។
28. ប៉ុន្តែ ស្ដេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសម្ដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកទូលនោះឡើយ។
29. គ្រានោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកយែបថា លោកបានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។
30. លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ
31. ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់»។
32. លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។
33. លោកយែបថាបានវាយកម្ទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត - សរុបទាំងអស់ម្ភៃក្រុង - បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
34. ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់លោកនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុស កូនស្រីណាទៀតឡើយ។
35. កាលលោកក្រឡេកឃើញនាង លោកក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ! កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសម្ដីនោះវិញទេ»។
36. នាងឆ្លើយទៅលោកថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។
37. នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់កូន»។
38. លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់នាង។