16. នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រកក់ ហើយក៏មកដល់កាដេស។
17. ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ស្ដេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្ដេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្ដេចស្រុកម៉ូអាប់ តែស្ដេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដេសនោះទៅ។
18. ក្រោយមក ជនជាតិអ៊ីស្រាអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។
19. នៅទីនោះ ជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់ពួកគេ។
20. ប៉ុន្តែ ព្រះបាទស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រាអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្ដេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រាអែល។
21. ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បានប្រគល់ស្ដេចស៊ីហុន និងពលទ័ពរបស់ស្ដេច មកក្នុងកណ្ដាប់ដៃជនជាតិអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលទទួលជ័យជំនះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។
22. ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។
23. ព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដណ្ដើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើព្រះករុណាចង់ដណ្ដើមយកពីយើងវិញឬ?
24. ព្រះករុណាបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះករុណាបានប្រគល់ឲ្យ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានឲ្យយើងដណ្ដើមយកបាននោះទេឬអី?
25. តើព្រះករុណាគិតថា ទ្រង់ខ្លាំងពូកែជាងព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ស្ដេចនៃជនជាតិម៉ូអាប់ឬ? ព្រះបាទបាឡាក់ពុំបានរករឿងជនជាតិអ៊ីស្រាអែល ហើយក៏មិនបានច្បាំងនឹងពួកគេដែរ។
26. ជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាព្រះរាជាមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ?
27. ទូលបង្គំមិនបានធ្វើអ្វីខុសចំពោះព្រះរាជាឡើយ គឺព្រះរាជាទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះអម្ចាស់ដែលជាចៅក្រម មេត្តាកាត់ក្ដីរវាងជនជាតិអ៊ីស្រាអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។
28. ប៉ុន្តែ ស្ដេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសម្ដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកទូលនោះឡើយ។
29. គ្រានោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកយែបថា លោកបានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។
30. លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ
31. ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់»។
32. លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។
33. លោកយែបថាបានវាយកម្ទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត - សរុបទាំងអស់ម្ភៃក្រុង - បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
34. ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់លោកនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុស កូនស្រីណាទៀតឡើយ។
35. កាលលោកក្រឡេកឃើញនាង លោកក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ! កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសម្ដីនោះវិញទេ»។
36. នាងឆ្លើយទៅលោកថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។