13. ស្ដេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្ដើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញ តាមសម្រួលទៅ»។
14. លោកយែបថាក៏ចាត់គេឲ្យនាំពាក្យរបស់លោក ទៅទូលស្ដេចជនជាតិអាំម៉ូនសាជាថ្មីថា៖
15. «ជនជាតិអ៊ីស្រាអែលពុំបានដណ្ដើមយកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។
16. នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រកក់ ហើយក៏មកដល់កាដេស។
17. ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ស្ដេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្ដេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្ដេចស្រុកម៉ូអាប់ តែស្ដេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដេសនោះទៅ។
18. ក្រោយមក ជនជាតិអ៊ីស្រាអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។
19. នៅទីនោះ ជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់ពួកគេ។
20. ប៉ុន្តែ ព្រះបាទស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រាអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្ដេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រាអែល។