1. នៅស្រុកកាឡាដ មានអ្នកចំបាំងដ៏អង់អាចមួយរូប ឈ្មោះយែបថា ជាកូនរបស់ស្រីពេស្យាម្នាក់ និងបុរសឈ្មោះកាឡាដ។
2. រីឯភរិយារបស់លោកកាឡាដក៏បានបង្កើតកូនប្រុសៗជូនគាត់ដែរ។ លុះកូនទាំងនោះធំឡើង គេនាំគ្នាបណ្ដេញលោកយែបថា ដោយនិយាយថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមត៌ករបស់ឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្រីដទៃ»។
3. ពេលនោះ លោកយែបថាបានភៀសខ្លួនចេញឆ្ងាយពីបងប្អូនរបស់គាត់ ទៅរស់នៅក្នុងស្រុកថូប។ មានមនុស្សពាលមកចូលដៃជាមួយគាត់ ហើយនាំគ្នាចេញទៅប្លន់។
4. ចំណេរក្រោយមក ជនជាតិអាំម៉ូនលើកគ្នាមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។
5. ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប
6. ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។
7. លោកយែបថាឆ្លើយតបទៅពួកចាស់ទុំនៃស្រុកកាឡាដវិញថា៖ «អស់លោកបានស្អប់ខ្ញុំ ហើយបណ្ដេញខ្ញុំចេញពីផ្ទះឪពុករបស់ខ្ញុំ ឥឡូវនេះ ពេលមានអាសន្ន អស់លោកបែរជារត់មករកខ្ញុំទៅវិញ!»។
8. ពួកចាស់ទុំតបថា៖ «ព្រោះតែយើងខ្ញុំមានអាសន្នដូច្នេះហើយ បានជាពេលនេះ យើងខ្ញុំរត់មករកលោកវិញ ដើម្បីអញ្ជើញលោកទៅច្បាំងនឹងជនជាតិអាំម៉ូនជាមួយយើងខ្ញុំ ហើយសូមលោកធ្វើជាមេដឹកនាំលើយើងខ្ញុំ និងលើប្រជាជននៅស្រុកកាឡាដទាំងមូល»។
9. លោកយែបថាឆ្លើយទៅចាស់ទុំទាំងនោះថា៖ «ប្រសិនបើអស់លោកហៅខ្ញុំទៅវិញ ដើម្បីប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។
10. ពេលនោះ ពួកចាស់ទុំនៃស្រុកកាឡាដក៏ប្រកាសចំពោះលោកយែបថា ថា៖ «ព្រះអម្ចាស់ជាសាក្សីស្រាប់ហើយថា យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!»។
11. លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំឭកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។
12. លោកយែបថាបានចាត់គេឲ្យនាំពាក្យទៅទូលស្ដេចនៃជនជាតិអាំម៉ូនថា៖ «តើយើងមានរឿងអ្វីជាមួយគ្នា បានជាព្រះករុណាលើកទ័ពមកវាយស្រុកទូលបង្គំដូច្នេះ?»។