8. ចាប់តាំងពីឆ្នាំនោះមក រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ ជនជាតិទាំងពីរបានសង្កត់សង្កិន និងធ្វើបាបជនជាតិអ៊ីស្រាអែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ខាងកើតទន្លេយ័រដាន់។
9. រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុលសម្ព័ន្ធយូដា បេនយ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជនជាតិអ៊ីស្រាអែលរងទុក្ខលំបាកយ៉ាងខ្លាំង។
10. ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាស្រែកអង្វរព្រះអម្ចាស់ ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះអង្គដែលជាព្រះនៃយើងខ្ញុំ ទៅគោរពបម្រើព្រះបាល»។
11. ព្រះអម្ចាស់មានព្រះបន្ទូលតបមកជនជាតិអ៊ីស្រាអែលវិញថា៖ «ពេលជនជាតិអេស៊ីប ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន
12. ជនជាតិស៊ីដូន ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូន បានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃគេទេឬអី?
13. ប៉ុន្តែ ដោយអ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពបម្រើព្រះផ្សេងៗទៀត យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។
14. ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះឲ្យជួយទៅ! ឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។
15. ជនជាតិអ៊ីស្រាអែលទូលព្រះអង្គវិញថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំធ្វើខុសហើយ សូមដាក់ទោសយើងខ្ញុំ តាមព្រះហឫទ័យរបស់ព្រះអង្គចុះ តែថ្ងៃនេះ សូមទ្រង់មេត្តារំដោះយើងខ្ញុំផង!»។
16. ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើព្រះអម្ចាស់វិញ ធ្វើឲ្យព្រះអង្គរំជួលព្រះហឫទ័យ ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល។