9. បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។
10. កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណាន ដែលរស់នៅក្រុងហេប្រូន ពីដើមហៅថាគារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន និងអំបូរតាល់ម៉ាយដែរ។
11. ពីទីនោះ ពួកគេវាយប្រហារប្រជាជននៅក្រុងដេបៀរ(ពីដើមហៅថាគារយ៉ាត់-សេភើរ)។
12. គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើនរណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកកូនស្រីរបស់ខ្ញុំ ឈ្មោះនាងអាក់សាឲ្យធ្វើជាប្រពន្ធ»។
13. ពេលនោះ លោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនលោកកាលែប វាយយកក្រុងបាន។ លោកកាលែបក៏លើកនាងអាកសា ជាកូនស្រី ឲ្យធ្វើជាភរិយារបស់គាត់។
14. ពេលទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុកនាង។ កាលនាងចុះពីលើខ្នងលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។
15. នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះដល់កូន ដីដែលលោកឪពុកឲ្យកូននៅតំបន់ខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមលោកឪពុកមេត្តាចែកអណ្ដូងទឹកឲ្យកូនផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោម ឲ្យនាង។
16. ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងយេរីខូ គឺក្រុងដើមលម៉ើ ជាមួយកូនចៅយូដា ឆ្ពោះទៅវាលរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងស្រុកអើរ៉ាត ហើយតាំងទីលំនៅក្នុងចំណោមប្រជាជននៅស្រុកនោះ។
17. បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូន នាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា។