6. ស្ដេចអាដូនី-បេសេកក៏រត់ភៀសខ្លួន តែត្រូវពួកគេដេញតាមចាប់បាន ហើយកាត់មេដៃ និងមេជើងរបស់ស្ដេចទៀតផង។
7. ស្ដេចអាដូនី-បេសេកមានរាជឱង្ការថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្ដេចចិតសិបអង្គ ហើយស្ដេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ ព្រះជាម្ចាស់បានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្ដេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្ដេចក៏សោយទិវង្គតនៅទីនោះ។
8. កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។
9. បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។
10. កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណាន ដែលរស់នៅក្រុងហេប្រូន ពីដើមហៅថាគារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន និងអំបូរតាល់ម៉ាយដែរ។
11. ពីទីនោះ ពួកគេវាយប្រហារប្រជាជននៅក្រុងដេបៀរ(ពីដើមហៅថាគារយ៉ាត់-សេភើរ)។
12. គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើនរណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកកូនស្រីរបស់ខ្ញុំ ឈ្មោះនាងអាក់សាឲ្យធ្វើជាប្រពន្ធ»។