21. រីឯកុលសម្ព័ន្ធបេនយ៉ាមីនវិញ គេមិនបានបណ្ដេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់ជាមួយកុលសម្ព័ន្ធបេនយ៉ាមីន នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
22. ចំណែកឯពូជពង្សរបស់លោកយ៉ូសែបវិញ ក៏ចេញទៅច្បាំងនឹងក្រុងបេតអែលដែរ ហើយព្រះអម្ចាស់គង់នៅជាមួយពួកគេ។
23. ដំបូង គេបញ្ជូនមនុស្សឲ្យទៅស៊ើបមើលទីក្រុងនោះ ដែលពីដើមមានឈ្មោះថា«លូស»។
24. ពេលឃើញបុរសម្នាក់ចេញពីទីក្រុង អ្នកស៊ើបការណ៍ក៏ពោលទៅគាត់ថា៖ «តើគេអាចចូលទៅទីក្រុងតាមផ្លូវណា ចូរប្រាប់យើងមក៍ យើងនឹងប្រណីដល់អ្នក»។
25. បុរសនោះក៏បង្ហាញផ្លូវចូលទៅទីក្រុង។ ពួកគេប្រហារជីវិតអ្នកក្រុងនោះ ដោយមុខដាវ តែគេទុកឲ្យបុរសនោះ និងគ្រួសារគាត់ទាំងមូលចាកចេញទៅ។
26. បុរសនោះបានធ្វើដំណើរទៅស្រុកហេត ហើយសង់ក្រុងមួយ ដែលគាត់ដាក់ឈ្មោះថា «លូស» ជាឈ្មោះដែលគេហៅរហូតដល់សព្វថ្ងៃ។
27. រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្ដេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។