14. ពេលទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុកនាង។ កាលនាងចុះពីលើខ្នងលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។
15. នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះដល់កូន ដីដែលលោកឪពុកឲ្យកូននៅតំបន់ខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមលោកឪពុកមេត្តាចែកអណ្ដូងទឹកឲ្យកូនផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោម ឲ្យនាង។
16. ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងយេរីខូ គឺក្រុងដើមលម៉ើ ជាមួយកូនចៅយូដា ឆ្ពោះទៅវាលរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងស្រុកអើរ៉ាត ហើយតាំងទីលំនៅក្នុងចំណោមប្រជាជននៅស្រុកនោះ។
17. បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូន នាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា។
18. កុលសម្ព័ន្ធយូដាក៏វាយយកបានក្រុងកាសា ក្រុងអាសកាឡូន និងក្រុងអេក្រូន ព្រមទាំងទឹកដីដែលនៅជុំវិញក្រុងទាំងនោះផង។
19. ព្រះអម្ចាស់គង់នៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្ដេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចំបាំងធ្វើអំពីដែក។
20. ពួកគេបានប្រគល់ក្រុងហេប្រូនជូនលោកកាលែប ដូចលោកម៉ូសេបានបង្គាប់ទុក ហើយលោកកាលែបក៏បណ្ដេញអំបូរអណាក់ទាំងបី រួចកាន់កាប់ក្រុងនោះទៅ។
21. រីឯកុលសម្ព័ន្ធបេនយ៉ាមីនវិញ គេមិនបានបណ្ដេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់ជាមួយកុលសម្ព័ន្ធបេនយ៉ាមីន នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
22. ចំណែកឯពូជពង្សរបស់លោកយ៉ូសែបវិញ ក៏ចេញទៅច្បាំងនឹងក្រុងបេតអែលដែរ ហើយព្រះអម្ចាស់គង់នៅជាមួយពួកគេ។