8. ខ្ញុំចាត់គាត់ឲ្យមករកបងប្អូន ក្នុងគោលបំណងនេះឯង គឺឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។
9. ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូណេស៊ីម ជាបងប្អូនដ៏ស្មោះត្រង់ និងដ៏ជាទីស្រឡាញ់ ជាអ្នកដែលនៅស្រុកជាមួយបងប្អូន។ អ្នកទាំងពីរនឹងជម្រាបបងប្អូនឲ្យជ្រាបអំពីសភាពការណ៍នៅទីនេះ។
10. លោកអើរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជម្រាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ហើយ ប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។
11. រីឯលោកយេស៊ូហៅយូស្ទូស ក៏សូមជម្រាបសួរមកបងប្អូនផងដែរ។ ក្នុងចំណោមជនជាតិយូដា មានតែបងប្អូនបីនាក់នេះប៉ុណ្ណោះ ដែលធ្វើការសម្រាប់ព្រះរាជ្យ*ព្រះជាម្ចាស់ជាមួយខ្ញុំ ហើយក៏បានលើកទឹកចិត្តខ្ញុំទៀតផង។
12. លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូ ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយអធិស្ឋាន* ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គ្រប់ចំពូកទាំងអស់។
13. ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះខ្នែងយ៉ាងខ្លាំង សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកនៅស្រុកហេរ៉ាប៉ូល។
14. លោកគ្រូពេទ្យលូកាដ៏ជាទីស្រឡាញ់របស់យើង និងលោកដេម៉ាស ក៏សូមជម្រាបសួរមកបងប្អូនដែរ។
15. សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។
16. ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណាឲ្យក្រុមជំនុំនៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេដែរ។