14. លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។
15. សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្ដសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។
16. សូមព្រះបន្ទូលរបស់ព្រះគ្រិស្ដ សណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។
17. ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្ដី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។
18. បងប្អូនជាស្ត្រីដែលមានស្វាមីអើយ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ឲ្យបានស្របតាមរបៀបអ្នកជឿលើព្រះអម្ចាស់។
19. បងប្អូនដែលមានភរិយាអើយ ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។
20. កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតាក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ព្រះហឫទ័យព្រះអម្ចាស់។
21. បងប្អូនដែលមានកូនអើយ កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ត។
22. បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះគ្រប់ចំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដោយចិត្តស្មោះសរ និងដោយគោរពកោតខ្លាចព្រះអម្ចាស់។