10. បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចម្រើនថ្មីឡើងៗ ឲ្យបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។
11. ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍ យូដា ពួកកាត់ស្បែក* ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកទមិឡ និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតព្រះគ្រិស្ដបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
12. ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តី អត់ធ្មត់។
13. ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
14. លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។
15. សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្ដសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។
16. សូមព្រះបន្ទូលរបស់ព្រះគ្រិស្ដ សណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។