8. ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្ដទេ
9. ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។
10. រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ដ ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
11. ក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ដ ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
12. ពេលបងប្អូនទទួលពិធីជ្រមុជទឹក* បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ដហើយ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដឲ្យមានព្រះជន្មរស់ឡើងវិញ។
13. ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ដ។ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
14. ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់នឹងយើងតាមវិន័យនោះចោល។ព្រះអង្គបានដកបញ្ជីនេះចេញដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
15. ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិនិងពីអ្វីៗដែលមានអំណាចគឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈទាំងនាំវាទៅជាឈ្លើយក្នុងពេលហែក្បួនជ័យជំនះរបស់ព្រះអង្គ។
16. ហេតុនេះ មិនត្រូវឲ្យនរណាម្នាក់ថ្កោលទោសបងប្អូនអំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន បុណ្យចូលខែ និងថ្ងៃសប្ប័ទ*នោះឡើយ។
17. ការទាំងអស់នេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺព្រះគ្រិស្ដ។
18. មិនត្រូវឲ្យនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពទេវតា*នោះឡើយ។ ជនបែបនេះតែងយកការនិមិត្តឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។
19. គេមិននៅជាប់ជាមួយព្រះគ្រិស្ដជាព្រះសិរសាទេ គឺព្រះសិរសានេះហើយ ដែលផ្គត់ផ្គង់ឲ្យព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃ ព្រមទាំងចម្រើនឡើង តាមតែព្រះជាម្ចាស់ប្រទានឲ្យ។
20. បងប្អូនបានស្លាប់រួមជាមួយព្រះគ្រិស្ដ ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត?
21. «កុំយក! កុំភ្លក់! កុំប៉ះពាល់!»
22. បញ្ញត្តិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយ ដោយការប្រើប្រាស់។
23. សេចក្ដីក្នុងបញ្ញត្តិទាំងនេះទំនងដូចជាមានប្រាជ្ញា គឺឲ្យគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ឲ្យដាក់ខ្លួន និងលត់ដំខ្លួនជាដើម តែតាមពិត គ្មានតម្លៃអ្វីសោះ បានត្រឹមតែបំពេញសេចក្ដីប៉ងប្រាថ្នារបស់និស្ស័យលោកីយ៍ប៉ុណ្ណោះ។