1. ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់
2. គឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺព្រះគ្រិស្ដផ្ទាល់
3. ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្ដហ្នឹងហើយ។
4. ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំឲ្យនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីដ៏ពីរោះៗនោះឡើយ។
5. ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្តខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើព្រះគ្រិស្ដ។
6. ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្ដយេស៊ូ ទុកជាព្រះអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។
7. ចូរចាក់ឫស និងកសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿឲ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់ឲ្យបានច្រើនលើសលប់។
8. ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្ដទេ
9. ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។
10. រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ដ ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
11. ក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ដ ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
12. ពេលបងប្អូនទទួលពិធីជ្រមុជទឹក* បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ដហើយ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដឲ្យមានព្រះជន្មរស់ឡើងវិញ។
13. ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ដ។ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។