3. យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ* ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន*ឲ្យបងប្អូន
4. ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់
5. ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ*។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ*
6. ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។
7. បងប្អូនបានទទួលការអប់រំនេះពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសម្រាប់បងប្អូន។
8. គាត់បានប្រាប់ឲ្យយើងដឹងច្បាស់អំពីសេចក្ដីស្រឡាញ់ ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។
9. ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។
10. សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។
11. សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
12. ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។
13. ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ*នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
14. ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។
15. ព្រះគ្រិស្ដជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
16. ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រិស្ដទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដីទាំងអ្វីៗដែលមើលឃើញទាំងអ្វីៗដែលមើលមិនឃើញទាំងទេវរាជទាំងអ្វីៗដែលមានបារមីគ្រប់គ្រងទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានាព្រះជាម្ចាស់បានបង្កើតទាំងអស់មកដោយសារព្រះគ្រិស្ដនិងសម្រាប់ព្រះគ្រិស្ដ។
17. ព្រះគ្រិស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។
18. ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គគឺក្រុមជំនុំ*ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់