20. ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខឲ្យជានានឹងព្រះអង្គវិញដោយសារព្រះគ្រិស្ដ និងសម្រាប់ព្រះគ្រិស្ដគឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាពដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។
21. ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។
22. តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រា ដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ*ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
23. ក៏ប៉ុន្តែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អ*មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។
24. ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ដ សម្រាប់ព្រះកាយរបស់ព្រះអង្គ ដែលជាក្រុមជំនុំ*។
25. ខ្ញុំបានទទួលមុខងារបម្រើក្រុមជំនុំនេះ តាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។
26. នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។