5. លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
6. ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។
7. រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
8. លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។
9. ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។
10. នៅក្រុងដាម៉ាស មានសិស្សមួយរូប ឈ្មោះអាណាណាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ“ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន*
12. ហើយនិមិត្តឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃ*លើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។
13. លោកអាណាណាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គនៅក្រុងយេរូសាឡឹមខ្លាំងណាស់
14. ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឲ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។