32. លោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធ*នៅក្រុងលីដា។
33. នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។
34. លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ដ*ប្រោសអ្នកឲ្យបានជាហើយ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។
35. អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្តគំនិតទៅរកព្រះអម្ចាស់។
36. នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្ស*ដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។
37. នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។
38. ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសិស្សឮដំណឹងថា លោកពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។
39. លោកពេត្រុសក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេបានអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ ស្ត្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតលោក ទាំងយំសោក និងបង្ហាញអាវវែង អាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។
40. លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។ បន្ទាប់មក លោកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។
41. លោកចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឲ្យចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។
42. អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើព្រះអម្ចាស់។
43. លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ជាយូរថ្ងៃតទៅទៀត ក្នុងផ្ទះបុរសម្នាក់ ឈ្មោះស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក។