20. លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំ*នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។
21. អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះ រកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ*ទេតើ!»។
22. រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ*។
23. យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល
24. តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។
25. ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។
26. កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។
27. ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។
28. ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយ ក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។
29. លោកបានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។
30. កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យលោកទៅក្រុងតើសុស។
31. ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។