15. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យស្គាល់ឈ្មោះខ្ញុំ។
16. ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។
17. លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ*»។
18. រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក*។
19. បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។លោកស្នាក់នៅជាមួយពួកសិស្ស ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។