1. នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្ស*របស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ
2. សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។
3. ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។
4. គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
5. លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
6. ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។
7. រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
8. លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។
9. ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។