26. ទេវតា*របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។
27. នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូប ជាមនុស្សកម្រៀវ* លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម
28. ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរព្យាការី*អេសាយផង។
29. ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។
30. លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។
31. លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។
32. រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖ “លោកត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។
33. លោកត្រូវគេបន្ទាបបន្ថោក ហើយគេមិនរកយុត្តិធម៌ជូនលោកឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់លោកបានទេ ព្រោះគេបានដកជីវិតរបស់លោក ចេញពីផែនដីនេះបាត់ទៅហើយ” ។
34. មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការី*មានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។
35. លោកភីលីពក៏ជម្រាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។
36. លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។