10. ប្រជាជនទាំងតូចទាំងធំពេញចិត្តនឹងគាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលជាឫទ្ធានុភាពដ៏ឧត្តុង្គឧត្ដម»។
11. ប្រជាជនពេញចិត្តនឹងគាត់ដូច្នេះ ព្រោះគាត់បានសម្តែងមន្តអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
12. កាលគេជឿដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងអំពីព្រះនាមព្រះយេស៊ូគ្រិស្ដ* ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក* ទាំងប្រុស ទាំងស្រី។
13. លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
14. ក្រុមសាវ័ក*នៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។
15. លុះទៅដល់ស្រុកសាម៉ារី សាវ័ក*ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំឲ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*
16. ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។
17. ពេលនោះ លោកពេត្រុស និងលោកយ៉ូហានបានដាក់ដៃ*លើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
18. កាលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿ ដោយសាវ័កដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖
19. «សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។
20. លោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន!
21. អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។