49. “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ”។ ព្រះអម្ចាស់មានព្រះបន្ទូលថា: “តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
50. គឺយើងទេតើដែលបានបង្កើត អ្វីៗទាំងនោះមក!”។
51. អស់លោកចិត្ត រឹងរូសអើយ! អស់លោកមានចិត្តមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ!
52. គ្មានព្យាការីណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នកដែលប្រកាសទុកជាមុនថា ព្រះដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។
53. អស់លោកបានទទួលក្រឹត្យវិន័យ តាមរយៈទេវតា តែអស់លោកពុំបានប្រព្រឹត្តតាមសោះ!»។
54. កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។
55. រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។
56. លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្ស*ឈរនៅខាងស្ដាំព្រះជាម្ចាស់»។
57. ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រប់ពីលើលោក។
58. គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។
59. នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។
60. បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។