កិច្ចការ 7:43-52 Khmer Standard Version (KHSV)

43. អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេម‌ផាន់ របស់​អ្នក​រាល់​គ្នា។ រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ ដើម្បី​យក​មក​ថ្វាយ‌បង្គំ!។ ដូច្នេះ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ី‌ឡូន​ទៅ​ទៀត”។

44. នៅ​វាល​រហោ‌ស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះ‌ពន្លា*​របស់​ព្រះ‌ជាម្ចាស់ សង់​ឡើង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។

45. បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះ‌ពន្លា-តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះ‌ពន្លា​នេះ​នៅ​គង់‌វង្ស​រហូត​ដល់​ជំនាន់​ព្រះ‌បាទ​ដាវីឌ។

46. ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌បាទ​ដាវីឌ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះ‌អង្គ រក​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប

47. តែ​ព្រះ‌បាទ​សាឡូម៉ូន​ឯ‌ណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះ‌ដំណាក់​នោះ។

48. ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី*​បាន​ថ្លែង​ទុក​មក​ស្រាប់​ថា:

49. “ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែន‌ដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?

50. គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​នោះ​មក!”។

51. អស់​លោក​ចិត្ត រឹង‌រូស​អើយ! អស់​លោក​មាន​ចិត្ត​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ជា‌និច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ!

52. គ្មាន​ព្យាការី​ណា​ម្នាក់ ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀត‌បៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះ‌អង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះ‌អង្គ​ថែម​ទៀត​ផង។

កិច្ចការ 7