28. តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?”។
29. កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន។ នៅស្រុកនោះ លោកបានកូនប្រុសពីរនាក់។
30. សែសិបឆ្នាំកន្លងមកទៀត មានទេវតា*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។
31. លោកម៉ូសេងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យ ដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើល លោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថា:
32. “យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប”។ លោកម៉ូសេភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។
33. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា: “ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាកន្លែងដ៏វិសុទ្ធ*។
34. យើងបានឃើញប្រជារាស្ដ្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសម្រែកសោកសៅរបស់គេដែរ យើងចុះមកនេះ ដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ”។
35. ជនជាតិអ៊ីស្រាអែល បានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?”។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានចាត់លោកឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីទេវតា ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។
36. គឺលោកម៉ូសេនេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។
37. លោកម៉ូសេនេះហើយដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា: “ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។
38. កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយដែលនៅជាមួយទេវតាផង នៅជាមួយបុព្វបុរសផង។ ទេវតាបានថ្លែងព្រះបន្ទូលមកលោក នៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
39. បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ
40. ដោយពោលទៅកាន់លោកអើរ៉ុនថា: “សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ!”។
41. នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។
42. ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ទ្រង់បណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា: “ប្រជារាស្ដ្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?
43. អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក និងសែងរូបផ្កាយតំណាងព្រះរេមផាន់ របស់អ្នករាល់គ្នា។ រូបសំណាកអស់ទាំងនេះ អ្នករាល់គ្នាបានឆ្លាក់ ដើម្បីយកមកថ្វាយបង្គំ!។ ដូច្នេះ យើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ ហួសស្រុកបាប៊ីឡូនទៅទៀត”។
44. នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លា*របស់ព្រះជាម្ចាស់ សង់ឡើង ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺតាមគំរូដែលលោកបានឃើញ។
45. បុព្វបុរសរបស់យើងបានទទួលព្រះពន្លា-តៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។