26. នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថា: “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។
27. ម្នាក់ដែលធ្វើបាបបងប្អូន បានច្រានលោកម៉ូសេចេញ ទាំងពោលថា: “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង?
28. តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?”។
29. កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន។ នៅស្រុកនោះ លោកបានកូនប្រុសពីរនាក់។
30. សែសិបឆ្នាំកន្លងមកទៀត មានទេវតា*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។
31. លោកម៉ូសេងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យ ដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើល លោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថា:
32. “យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប”។ លោកម៉ូសេភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។
33. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា: “ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាកន្លែងដ៏វិសុទ្ធ*។
34. យើងបានឃើញប្រជារាស្ដ្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសម្រែកសោកសៅរបស់គេដែរ យើងចុះមកនេះ ដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ”។
35. ជនជាតិអ៊ីស្រាអែល បានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?”។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានចាត់លោកឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីទេវតា ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។
36. គឺលោកម៉ូសេនេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។
37. លោកម៉ូសេនេះហើយដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា: “ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។
38. កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយដែលនៅជាមួយទេវតាផង នៅជាមួយបុព្វបុរសផង។ ទេវតាបានថ្លែងព្រះបន្ទូលមកលោក នៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
39. បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ