19. ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺទ្រង់បានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។
20. លោកម៉ូសេបានកើតនៅជំនាន់នោះ ហើយលោកជាទារកមួយដ៏ស្អាត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។
21. កាលគេបំបរបង់លោកចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។
22. លោកម៉ូសេបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។
23. លុះដល់លោកមានអាយុគម្រប់សែសិបឆ្នាំ លោកក៏បានសម្រេចចិត្តទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែល ជាបងប្អូនរួមជាតិរបស់លោក។
24. លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ត្រូវគេធ្វើបាប លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។
25. លោកនឹកស្មានថា បងប្អូនរួមជាតិរបស់លោកមុខជាយល់ថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេតាមរយៈលោក ប៉ុន្តែ ពួកគេពុំបានយល់ដូច្នោះឡើយ។
26. នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថា: “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។
27. ម្នាក់ដែលធ្វើបាបបងប្អូន បានច្រានលោកម៉ូសេចេញ ទាំងពោលថា: “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង?
28. តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?”។
29. កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន។ នៅស្រុកនោះ លោកបានកូនប្រុសពីរនាក់។
30. សែសិបឆ្នាំកន្លងមកទៀត មានទេវតា*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។
31. លោកម៉ូសេងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យ ដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើល លោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថា: