11. ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។
12. ពេលលោកយ៉ាកុបឮដំណឹងថានៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើង ឲ្យទៅស្រុកនោះជាលើកទីមួយ។
13. នៅលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។
14. បន្ទាប់មក លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុប ជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។
15. លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពទៅ ពួកបុព្វបុរសក៏ទទួលមរណភាពនៅស្រុកនោះដែរ។
16. គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
17. លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូល ដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំ ជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។
18. បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែទ្រង់មិនស្គាល់លោកយ៉ូសែបទេ។
19. ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺទ្រង់បានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។