1. លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?»
2. លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលលោកអប្រាហាំ*ជាបុព្វបុរស*របស់យើង រស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកខារ៉ាន ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង បានមកបង្ហាញព្រះអង្គឲ្យលោកឃើញ
3. ហើយមានព្រះបន្ទូលថា៖ “ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក!”។
4. លោកអប្រាហាំក៏ចាកចេញពីស្រុកខាល់ដេទៅរស់នៅក្នុងស្រុកខារ៉ាន។ ក្រោយពេលឪពុករបស់លោកទទួលមរណភាពផុតទៅ ព្រះជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។
5. នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ ពេលនោះ លោកអប្រាហាំគ្មានកូនទេ។
6. ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ពូជពង្សរបស់អ្នកនឹងអាស្រ័យនៅលើទឹកដីបរទេស។ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ ព្រមទាំងធ្វើទុក្ខទោសគេ អស់រយៈពេលបួនរយឆ្នាំ”។
7. ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសជាតិសាសន៍ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ។ ក្រោយមក ពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”។
8. បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។
9. ពួកបុព្វបុរសមានចិត្តច្រណែនឈ្នានីសនឹងលោកយ៉ូសែប ក៏លក់លោកឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។
10. ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។
11. ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។
12. ពេលលោកយ៉ាកុបឮដំណឹងថានៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើង ឲ្យទៅស្រុកនោះជាលើកទីមួយ។