6. ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។
7. ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។
8. លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។
9. លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
10. រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។
11. ក្រុមជំនុំ*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
12. សាវ័កបាននាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។
13. រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។
14. បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
15. មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។
16. មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
17. ពេលនោះ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី* មានចិត្តក្ដៅក្រហាយជាខ្លាំង។
18. គេលើកគ្នាមកចាប់ក្រុមសាវ័ក* យកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។
19. លុះដល់យប់ មានទេវតា*របស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឲ្យក្រុមសាវ័កចេញ ទាំងពោលថា៖
20. «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ* ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។