កិច្ចការ 5:31-42 Khmer Standard Version (KHSV)

31. ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះ‌អង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប*។

32. យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ទ្រង់​ក៏​ជា​សាក្សី​ដែរ»។

33. កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នេះ គេ​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ក្រុម​សាវ័ក​ថែម​ទៀត​ផង។

34. ប៉ុន្តែ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ ដែល​ប្រជា‌ជន​គោរព​គ្រប់ៗ​គ្នា ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សុំ​ឲ្យ​គេ​នាំ​ក្រុម​សាវ័ក​ចេញ​ពី​ទី​នោះ​មួយ​ស្របក់

35. រួច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុន‌ប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។

36. ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ជា​វីរ‌ជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ ក៏​ត្រូវ​បែក‌ខ្ញែក​គ្នា​អស់​គ្មាន​សល់។

37. បន្ទាប់​មក នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជា‌ជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលី‌ឡេ បាន​លើក​ខ្លួន​ឡើង បញ្ចុះ‌បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែក‌ខ្ញែក​គ្នា​អស់​ទៅ។

38. ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវី‌រវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​ឲ្យ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោង‌ការ និង​កិច្ចការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប‌សូន្យ​មិន​ខាន

39. ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​ព្រះ‌ជាម្ចាស់​ទៅ​វិញ»។ គេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ា‌លាល​ទាំង​អស់​គ្នា

40. គេ​ក៏​ហៅ​ក្រុម​សាវ័ក​មក​វិញ ហើយ​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់ ទាំង​ហាម‌ប្រាម​មិន​ឲ្យ​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ទៀត រួច​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ។

41. ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះ‌នាម​ព្រះ‌យេស៊ូ។

42. ជា​រៀង​រាល់​ថ្ងៃ គេ​តែងតែ​បង្រៀន​ប្រជា‌ជន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* អំពី​ព្រះ‌យេស៊ូ​គ្រិស្ដ* នៅ​ក្នុង​ព្រះ‌វិហារ* និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ឡើយ។

កិច្ចការ 5